ព្រះត្រៃបិដក ភាគ ៣៣
តាមការប្រែប្រួលនៃរូប រមែងមិនមាន ដល់អរិយសាវ័កនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅទេ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាម នូវសេចក្តីប្រែប្រួលនៃរូប ក៏មិនគ្របសង្កត់ចិត្ត នៃអរិយសាវ័កនោះទេ ព្រោះតែការមិនគ្របសង្កត់ចិត្ត ទើបអរិយសាវ័កនោះ មិនមានសេចក្តីតក់ស្លុតផង មិនមានសេចក្តីទុក្ខផង មិនមានសេចក្តីអាឡោះអាល័យផង មិនតក់ស្លុត ព្រោះមិនប្រកាន់ផង។ មិនពិចារណាឃើញច្បាស់ នូវវេទនា ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានវេទនាខ្លះ មិនឃើញនូវវេទនា ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងវេទនាខ្លះ (លុះដល់) វេទនានោះ របស់អរិយសាវ័កនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណ ដែលវិលតាមការប្រែប្រួលនៃវេទនា រមែងមិនមានដល់អរិសាវ័កនោះ ព្រោះតែវេទនាប្រែប្រួលទៅ ប្លែកទៅទេ សេចក្តីតក់ស្លុត និងការកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការវិលតាមសេចក្តីប្រែប្រួល នៃវេទនា ក៏មិនគ្របសង្កត់ចិត្ត នៃអរិយសាវ័កនោះបានឡើយ ព្រោះតែការមិនគ្របសង្កត់ចិត្ត ទើបអរិយសាវ័កនោះ មិនមានសេចក្តីតក់ស្លុតផង មិនមានសេចក្តីទុក្ខផង មិនមានសេចក្តីអាឡោះអាល័យផង
ID: 636849832600291298
ទៅកាន់ទំព័រ៖