ព្រះត្រៃបិដក ភាគ ៣៣
ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វះស្វែង រកការរលាស់ចេញ នូវវិញ្ញាណ ការរលាស់ចេញ នូវវិញ្ញាណណា តថាគត ក៏បានជួបប្រទះ នូវការរលាស់ចេញ នូវវិញ្ញាណនោះហើយ ការរលាស់ចេញ នូវវិញ្ញាណ ទាំងប៉ុន្មាន ការរលាស់ចេញ នូវវិញ្ញាណនោះ តថាគត បានឃើញច្បាស់ ដោយបញ្ញាហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ទាំង៥នេះ អស់កាលត្រឹមណា។បេ។ ក៏មិនបានប្តេជ្ញាខ្លួន។ ឯការដឹងច្បាស់ ឃើញច្បាស់ ក៏កើតឡើងហើយ ដល់តថាគត ដូច្នេះថា សេចក្តីរួចស្រឡះ (ចាកអាសវៈ) របស់តថាគត មិនកម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត មិនមានឡើយ។
ID: 636849838310797920
ទៅកាន់ទំព័រ៖