ព្រះត្រៃបិដក ភាគ ៣៣
[៦៨] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នូវទុក្ខផង នូវឫសគល់ នៃទុក្ខផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចខ្លះ ហៅថា ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ វេទនាជាទុក្ខ សញ្ញាជាទុក្ខ សង្ខារទាំងឡាយ ជាទុក្ខ វិញ្ញាណ ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខ។
[៦៩] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា ឫសគល់នៃទុក្ខ។ តណ្ហាណា ដែលនាំឲ្យកើតក្នុងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានកិរិយារីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី។ ចុះតណ្ហានោះ ដូចម្តេចខ្លះ។ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឫសគល់នៃទុក្ខ។
[៧០] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នូវរបស់បែកធ្លាយផង នូវរបស់មិនបែកធ្លាយផង (ដល់អ្នកទាំងឡាយ) ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី ជារបស់បែកធ្លាយ អ្វីជារបស់មិនបែកធ្លាយ។ ម្នាលភិក្ខុទាំងឡាយ រូប ជារបស់បែកធ្លាយ សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ សេចក្តីវិនាស ណា នៃរូបនោះ នេះ ជារបស់មិនបែកធ្លាយ។
ID: 636849839582510658
ទៅកាន់ទំព័រ៖