ព្រះត្រៃបិដក ភាគ ៣៣
[៨០] ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ រូប ពិតជាកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅ ហើយប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនា។ សញ្ញា។ សង្ខារ។ វិញ្ញាណ ពិតជាកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ ធម៌ទាំងឡាយនេះឯង រមែងកើតប្រាកដ វិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយ យ៉ាងនេះចុះ។
[៨១] ក្នុងក្រុងសាវត្ថី។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ បើគេសួរយ៉ាងនេះថា នែអានន្ទមានអាយុ ធម៌ទាំងឡាយ ដូចម្តេចខ្លះ ដែលកើតប្រាកដហើយ វិនាសទៅប្រាកដហើយ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដហើយ។ ធម៌ទាំងឡាយ ដូចម្តេចខ្លះ នឹងកើតប្រាកដ នឹងវិនាសទៅប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ធម៌ទាំងឡាយ ដូចម្តេចខ្លះ កំពុងកើតប្រាកដ កំពុងវិនាសទៅប្រាកដ កំពុងតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។
ID: 636849842473215997
ទៅកាន់ទំព័រ៖