ព្រះត្រៃបិដក ភាគ ៣៣
ដែលនឹងកើតប្រាកដ នឹងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏នឹងប្រាកដ។ ម្នាលអាន្ទ រូបណា ដែលកំពុងកើត កំពុងមានប្រាកដ រូបនោះ ឈ្មោះថា កំពុងកើតប្រាកដ កំពុងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ វេទនាណា ដែលកំពុងកើត កំពុងមានប្រាកដ។បេ។ សញ្ញាណា។ សង្ខារណា វិញ្ញាណណា ដែលកំពុងកើត កំពុងមានប្រាកដ វិញ្ញាណនោះ ឈ្មោះថា កំពុងកើតប្រាកដ កំពុងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ ធម៌ទាំងនេះឯង ដែលកំពុងកើតប្រាកដ កំពុងវិនាសប្រាកដ កាលតាំងនៅហើយ ប្រែប្រួលទៅវិញ ក៏ប្រាកដ។ ម្នាលអានន្ទ កាលបើគេសួរ យ៉ាងនេះ អ្នកគប្បីដោះស្រាយ យ៉ាងនេះចុះ។
[៨៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺ ជាអ្នកច្រើនដោយសេចក្តីនឿយណាយក្នុងរូប ច្រើនដោយសេចក្តីនឿយណាយ ក្នុងវេទនា ច្រើនដោយសេចក្តីនឿយណាយ ក្នុងសញ្ញា
ID: 636849843448441777
ទៅកាន់ទំព័រ៖