ព្រះត្រៃបិដក ភាគ ៣៣
អរហន្តវគ្គ
[១៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោសសំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បានស្តាប់ធម៌របស់ព្រះមានព្រះភាគ នឹងចៀសចេញទៅតែម្នាក់ឯង មិនប្រមាទ មានតែសេចក្តីព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ បុគ្គលដែលប្រកាន់យក ដោយអំណាចតណ្ហា មានះ និងទិដ្ឋិ ឈ្មោះថា ជាប់ (ក្នុងអន្ទាក់) របស់មារ (បើ) មិនបានប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ។
ID: 636849873937915675
ទៅកាន់ទំព័រ៖