ព្រះត្រៃបិដក ភាគ ៣៣
[២] លំដាប់នោះ នកុលបិតាគហបតី ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះសារីបុត្តមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះសារីបុត្តមានអាយុ និយាយយ៉ាងនេះថា ម្នាលគហបតី ឥន្ទ្រិយរបស់អ្នកស្រស់បស់ សម្បុរមុខក៏ស្អាតផូរផង់ ទំនងជាបានស្តាប់ធម្មីកថា ក្នុងទីចំពោះព្រះភក្ត្រ របស់ព្រះមានព្រះភាគ ក្នុងថ្ងៃនេះហើយទេដឹង។ បពិត្រលោកដ៏ចម្រើន ថ្វីក៏ខ្ញុំព្រះករុណាមិនបានស្តាប់ បពិត្រលោកដ៏ចម្រើន អម្បាញ់មិញ ព្រះមានព្រះភាគ បានស្រោចស្រប់ទឹកអម្រឹត គឺធម្មីកថា ដល់ខ្ញុំព្រះករុណា។ ម្នាលគហបតី ចុះព្រះមានព្រះភាគ ស្រោចស្រប់ទឹកអម្រឹត គឺធម្មីកថា ដល់អ្នក ដូចម្តេចខ្លះ។ បពិត្រលោកដ៏ចម្រើន ក្នុងអម្បាញ់មិញនេះ ខ្ញុំព្រះករុណា បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ បពិត្រលោកដ៏ចម្រើន លុះខ្ញុំអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជរាហើយ មានវ័យចម្រើនហើយ ចាស់ហើយ
ID: 636849824147337817
ទៅកាន់ទំព័រ៖