ព្រះត្រៃបិដក ភាគ ៣៤
[១៤៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះជាខ្លួន អាត្មាអញនោះ ជាលោក អាត្មាអញនោះ លុះទៅកាន់បរលោកហើយ នឹងទៀងទាត់ ឋិតឋេរ មិនប្រែប្រួលទៅជាធម្មតា។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះ ជាខ្លួន។បេ។ មិនប្រែប្រួលទៅជាធម្មតា កាលបើវេទនាមាន។ បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះជាខ្លួន អាត្មាអញនោះជាលោក អាត្មាអញនោះ លុះទៅកាន់បរលោកហើយ នឹងទៀងទាត់ ឋិតឋេរ មិនប្រែប្រួលទៅជាធម្មតា។
ID: 636849990799289763
ទៅកាន់ទំព័រ៖