ព្រះត្រៃបិដក ភាគ ៣៤
អរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យ ក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។
[១៥០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើត ក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។
ID: 636849991351801365
ទៅកាន់ទំព័រ៖