ព្រះត្រៃបិដក ភាគ ៣៤
ទិដ្ឋិសំយុត្ត បេយ្យាលៈ ទី២
[១៧២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យនូវរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។
ID: 636849997578517513
ទៅកាន់ទំព័រ៖