ព្រះត្រៃបិដក ភាគ ៣៤
[១៨៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោលដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង របស់នោះជាទុក្ខ កាលបើរបស់នោះមាន ព្រោះតែអាស្រ័យរបស់នោះ ដូច្នោះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាលកូន ព្រះចន្ទ ព្រះអាទិត្យមិនរះឡើង ឬមិនអស្តង្គតទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោលដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ
ID: 636849999704189094
ទៅកាន់ទំព័រ៖