ព្រះត្រៃបិដក ភាគ ៣៤
[១៩២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោគគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិតដោយប្រាជ្ញាដ៏ល្អ នូវរូបទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោគគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិត ដោយប្រាជ្ញាដ៏ល្អ នូវវិញ្ញាណទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636850000734638033
ទៅកាន់ទំព័រ៖