ព្រះត្រៃបិដក ភាគ ៣៤
[១៩៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ដូច្នោះទេ ព្រះអង្គ។
ID: 636850001104989215
ទៅកាន់ទំព័រ៖