ព្រះត្រៃបិដក ភាគ ៣៤
(អ្នករឭកឃើញដោយធម៌ គឺប្រាជ្ញា) ចុះស៊ប់កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ នូវធម៌ទាំងនេះ។ បុគ្គលនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។
[១៩៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី សំឡេងមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ក្លិនមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី រសមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ផោដ្ឋព្វៈមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ធម្មារម្មណ៍មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី
ID: 636850001973848911
ទៅកាន់ទំព័រ៖