ព្រះត្រៃបិដក ភាគ ៣៤
[២០២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប៉ុនប៉ងក្នុងរូប មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សេចក្តីប៉ុនប៉ងក្នុងសំឡេង។ សេចក្តីប៉ុនប៉ងក្នុងក្លិន។ សេចក្តីប៉ុនប៉ងក្នុងរស។ សេចក្តីប៉ុនប៉ងក្នុងផោដ្ឋព្វៈ។ សេចក្តីប៉ុនប៉ងក្នុងធម្មារម្មណ៍ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។
[២០៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាក្នុងរូប មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សេចក្តីប្រាថ្នាក្នុងសំឡេង។ សេចក្តីប្រាថ្នាក្នុងក្លិន។ សេចក្តីប្រាថ្នាក្នុងរស។ សេចក្តីប្រាថ្នាក្នុងផោដ្ឋព្វារម្មណ៍។ សេចក្តីប្រាថ្នាក្នុងធម្មារម្មណ៍ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។
ID: 636850036152143798
ទៅកាន់ទំព័រ៖