ព្រះត្រៃបិដក ភាគ ៣៤
[២២៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូប នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសំឡេង។ ក្នុងក្លិន។ ក្នុងរស។ ក្នុងផោដ្ឋព្វៈ។ ឆន្ទរាគណា ក្នុងធម្មារម្មណ៍ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំ ដោយនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។
[២២៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងចក្ខុវិញ្ញាណ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសោតៈវិញ្ញាណ។ ក្នុងឃានវិញ្ញាណ។ ក្នុងជិវ្ហាវិញ្ញាណ។ ក្នុងកាយវិញ្ញាណ។ ឆន្ទរាគណា ក្នុងមនោវិញ្ញាណ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំដោយនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។
ID: 636850039556528518
ទៅកាន់ទំព័រ៖