ព្រះត្រៃបិដក ភាគ ៣៤

 ​[​២៣៧​]​ ​ក្រុង​សាវត្ថី​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បានឃើញ​ហើយ​។​បេ​។​ ​ក៏បាន​ពោល​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ឥន្ទ្រិយ​របស់​លោក​ជ្រះថ្លា​ ​សម្បុរ​មុខ​ក៏​ស្អាត​ផូរផង់​ ​ថ្ងៃនេះ​ ​តើ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​គង់​សម្រាន្ត​នៅ​ ​ដោយ​ធម៌​ជា​គ្រឿង​នៅ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​ព្រោះ​រម្ងាប់​វិត្ត​កៈ​ ​វិចារៈ​ ​ខ្ញុំ​ក៏បាន​ចូល​ដល់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ ​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិត្ត​កៈ​ ​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​កើតអំពី​សមាធិ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កំពុង​ចូល​ទុតិយជ្ឈាន​ ​ឬថា​ ​អាត្មាអញ​ ​បាន​ចូល​ទុតិយជ្ឈាន​ហើយ​ ​ឬក៏​ថា​ ​អាត្មាអញ​ ​បាន​ចេញ​អំពី​ទុតិយជ្ឈាន​ ​ដូច្នេះ​ឡើយ​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ពិត​ដូច្នោះ​មែនហើយ​ ​ដ្បិត​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​គាស់រំលើង​ ​នូវ​អនុស័យ​ ​គឺ​សេចក្តី​ប្រកាន់​ថា​អញ​ ​ថា​របស់​អញ​ ​អស់​កាលយូរ​មក​ហើយ​ ​ហេតុ​នោះ​ ​បាន​ជា​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កំពុង​ចូល​ទុតិយជ្ឈាន​ ​ឬថា​ ​អាត្មាអញ​ ​បាន​ចូល​ទុតិយជ្ឈាន​ហើយ​ ​ឬក៏​ថា​ ​អាត្មាអញ​ ​បាន​ចេញ​អំពី​ទុតិយជ្ឈាន​ ​ដូច្នេះ​ឡើយ​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636850041238734734
ទៅកាន់ទំព័រ៖