ព្រះត្រៃបិដក ភាគ ៣៤

 ​[​២៣៩​]​ ​ក្រុង​សាវត្ថី​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បានឃើញ​ហើយ​។​បេ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ឥន្ទ្រិយ​របស់​លោក​ជ្រះថ្លា​ ​សម្បុរ​មុខ​ក៏​ស្អាត​ផូរផង់​ ​ថ្ងៃនេះ​ ​តើ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​គង់​សម្រាន្ត​នៅ​ ​ដោយ​ធម៌​ជា​គ្រឿង​នៅ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​លះបង់​សេចក្តី​សុខ​ផង​ ​លះបង់​ទុក្ខ​ផង​ ​ព្រោះ​រំលត់​សោមនស្ស​ ​និង​ទោមនស្ស​ ​អំពី​មុន​ផង​ ​បាន​ចូល​ចតុត្ថជ្ឈាន​ ​ឥត​ទុក្ខ​ ​ឥត​សុខ​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កំពុង​ចូល​ចតុត្ថជ្ឈាន​ ​ឬថា​ ​អាត្មាអញ​ ​បាន​ចូល​ចតុត្ថជ្ឈាន​ហើយ​ ​ឬក៏​ថា​ ​អាត្មាអញ​ ​បាន​ចេញ​អំពី​ចតុត្ថជ្ឈាន​ហើយ​ ​ដូច្នេះ​ឡើយ​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ពិត​ដូច្នោះ​មែន​ ​ដ្បិត​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​គាស់រំលើង​ ​នូវ​អនុស័យ​ ​គឺ​សេចក្តី​ប្រកាន់​ថា​អញ​ ​ថា​របស់​អញ​ ​អស់​កាលយូរ​មក​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កំពុង​ចូល​ចតុត្ថជ្ឈាន​ ​ឬថា​ ​អាត្មាអញ​ ​បាន​ចូល​ចតុត្ថជ្ឈាន​ហើយ​ ​ឬក៏​ថា​ ​អាត្មាអញ​ ​បាន​ចេញ​អំពី​ចតុត្ថជ្ឈាន​ ​ដូច្នេះ​ឡើយ​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636850041675559719
ទៅកាន់ទំព័រ៖