ព្រះត្រៃបិដក ភាគ ៣៤
ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូផង់ ព្រះសារីបុត្តមានអាយុ ក្នុងថ្ងៃនេះ តើគង់នៅដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបានកន្លងបង់ នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានចូលសញ្ញាវេទយិតនិរោធ ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីបរិវិត្តក យ៉ាងនេះថា អាត្មាអញ កំពុងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ បានចូលសញ្ញាវេទយិតនិរោធហើយ ឬក៏ថា អាត្មាអញ បានចេញអំពីសញ្ញាវេទយិតនិរោធ ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ដ្បិតព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ព្រោះហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ បានចូលសញ្ញាវេទយិតនិរោធហើយ ឬក៏ថា អាត្មាអញ បានចេញអំពីសញ្ញាវេទយិតនិរោធ ដូច្នេះឡើយ។
ID: 636850042333027324
ទៅកាន់ទំព័រ៖