ព្រះត្រៃបិដក ភាគ ៣៤
នាគសំយុត្ត
[២៤៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគនេះ មាន៤យ៉ាង។ ចុះកំណើត៤ គឺអ្វីខ្លះ។ កំណើត៤ គឺ ពួកនាគជាអណ្ឌជៈកំណើត១ ពួកនាគជាជលាពុជៈកំណើត១ ពួកនាគជាសំសេទជៈកំណើត១ ពួកនាគជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគ មាន៤យ៉ាងនេះឯង។
[២៤៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគនេះ មាន៤យ៉ាង។ ចុះកំណើត៤ គឺអ្វីខ្លះ។ កំណើត៤ គឺ ពួកនាគជាអណ្ឌជៈកំណើត១ ពួកនាគជាជលាពុជៈកំណើត១ ពួកនាគជាសំសេទជៈកំណើត១ ពួកនាគជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ បណ្តានាគទាំងនោះ ពួកនាគជាជលាពុជៈកំណើតក្តី ពួកនាគជាសំសេទជៈកំណើតក្តី ពួកនាគជាឧបបាតិកៈកំណើតក្តី ប្រសើរជាងពួកនាគជាអណ្ឌជៈកំណើត។ ម្នាលភិក្ខុទាំងឡាយ បណ្តានាគទាំងនោះ ពួកនាគជាសំសេទជៈកំណើតក្តី ពួកនាគជាឧបបាតិកៈកំណើតក្តី ប្រសើរជាងពួកនាគជាអណ្ឌជៈកំណើត និងពួកនាគជាជលាពុជៈកំណើត។
ID: 636850043458261684
ទៅកាន់ទំព័រ៖