ព្រះត្រៃបិដក ភាគ ៣៤
[៣៤] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ពិចារណាឃើញ នូវរូបថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរឃើញតាមពិត នូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ អ្នកទាំងឡាយ ពិចារណាឃើញ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរឃើញតាមពិត នូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ កាលបើឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636849964619792382
ទៅកាន់ទំព័រ៖