ព្រះត្រៃបិដក ភាគ ៣៤
ឲ្យគ្រឿងលាបផ្សេងៗ ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានឫសក្រអូបមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប។
[២៦៩] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានខ្លឹមក្រអូប។បេ។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានស្រាយក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានសំបកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្រមរក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានស្លឹកក្រអូប។
ID: 636850049126375882
ទៅកាន់ទំព័រ៖