ព្រះត្រៃបិដក ភាគ ៣៤
[២៨៣] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងវេទនា មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតវេទនា មិនដឹងក្នុងទីរំលត់វេទនា មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វេទនា នេះដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើង ក្នុងលោកយ៉ាងនេះថា លោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។
ID: 636850052201651777
ទៅកាន់ទំព័រ៖