ព្រះត្រៃបិដក ភាគ ៣៤
[២៨៤] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន លោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងសញ្ញា មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតសញ្ញា មិនដឹងក្នុងទីរំលត់សញ្ញា មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់សញ្ញា នេះឯងដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថា លោកទៀងក៏មាន ថា លោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។
ID: 636850052374221648
ទៅកាន់ទំព័រ៖