ព្រះត្រៃបិដក ភាគ ៣៤
[២៨៥] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថា លោកទៀងក៏មាន ថា លោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងសង្ខារទាំងឡាយ មិនដឹងក្នុងហេតុ នាំឲ្យកើតសង្ខារ មិនដឹងក្នុងទីរំលត់សង្ខារ មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់សង្ខារ នេះហើយ ដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន លោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។
ID: 636850052606264920
ទៅកាន់ទំព័រ៖