ព្រះត្រៃបិដក ភាគ ៣៤
[៩] ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់នៃទុក្ខ តើដូចម្តេច។ សេចក្តីវិនាស និងសេចក្តីរលត់មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ ករិយារលាស់ចោល នូវតណ្ហានោះ កិរិយារួចចាកតណ្ហានោះ សេចក្តីមិនអាល័យ ក្នុងតណ្ហានោះ ឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីរលត់នៃទុក្ខ។
[១០] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើរទៅកាន់សេចក្តីរលត់នៃទុក្ខ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង។ តើដូចម្តេចខ្លះ។ គឺសេចក្តីយល់ត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់នៃទុក្ខ។
[១១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសក្កាយផង នូវហេតុឲ្យកើតឡើង នៃសក្កាយផង នូវសេចក្តីរលត់ នៃសក្កាយផង នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។
ID: 636849958817620516
ទៅកាន់ទំព័រ៖