ព្រះត្រៃបិដក ភាគ ៣៤
[៦៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ គឺសេចក្តីត្រេកត្រអាល ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងរូបនោះចេញ។ វេទនាមិនទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងរបស់នោះចេញ។
[៦៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណា ជាទុក្ខ អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងរបស់នោះចេញ។បេ។ ត្រូវលះបង់រាគៈចេញ។ ត្រូវលះបង់ឆន្ទរាគៈចេញ។
[៦៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងសភាវៈនោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះសភាវៈដូចម្តេច ដែលមិនមែនខ្លួន
ID: 636849971482344897
ទៅកាន់ទំព័រ៖