ព្រះត្រៃបិដក ភាគ ៣៤
[១២] ម្នាលភិក្ខុទាំងឡាយ ចុះសក្កាយ តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទានក្ខន្ធទាំង៥។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សក្កាយ។
[១៣] ម្នាលភិក្ខុទាំងឡាយ ចុះហេតុឲ្យកើតឡើងនៃសក្កាយ តើដូចម្តេច។ តណ្ហាណា ដែលតាក់តែង នូវភពថ្មី ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកអរ មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ។ តើដូចម្តេចខ្លះ។ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ហេតុឲ្យកើតឡើង នៃសក្កាយ។
[១៤] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃសក្កាយ តើដូចម្តេច។ សេចក្តីវិនាស និងសេចក្តីរលត់មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ កិរិយារលាស់ចោល នូវតណ្ហានោះ កិរិយារួចចាកតណ្ហានោះ សេចក្តីមិនអាល័យ ក្នុងតណ្ហានោះ ឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីរលត់ នៃសក្កាយ។
ID: 636849959067464807
ទៅកាន់ទំព័រ៖