ព្រះត្រៃបិដក ភាគ ៣៤
របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើសុខ និងទុក្ខក្នុងសន្តាន នឹងកើតឡើង ព្រោះមិនបានអាស្រ័យរបស់នោះបានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៧៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន បុគ្គលអាស្រ័យអ្វី ប្រកាន់អ្វី ទើបពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន បុគ្គលអាស្រ័យនូវរូប ប្រកាន់នូវរូប រមែងពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ រមែងពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។
ID: 636849973173661635
ទៅកាន់ទំព័រ៖