ព្រះត្រៃបិដក ភាគ ៣៤
មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យ នូវរបស់នោះទេ តើទិដ្ឋិ គួរកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើអរិយសាវ័កឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៨១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបមិច្ឆាទិដ្ឋិកើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបមិច្ឆាទិដ្ឋិកើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបមិច្ឆាទិដ្ឋិកើតឡើង។
ID: 636849974335478087
ទៅកាន់ទំព័រ៖