ព្រះត្រៃបិដក ភាគ ៣៤
ប្រាជ្ញា ជាគ្រឿងកំណត់ដឹង។ ម្នាលរាធៈ ចុះបុគ្គលអ្នកកំណត់ដឹង តើដូចម្តេច។ គប្បីឆ្លើយថា ព្រះអរហន្ត លោកមានអាយុនោះឯង មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ។ ម្នាលរាធៈ នេះហៅថា បុគ្គលអ្នកកំណត់ដឹង។
[៩៧] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ សមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នៃឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង ម្នាលរាធៈ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគត មិនបានសន្មតថា ជាសមណៈ ក្នុងពួកសមណៈ ឬមិនបានសន្មត ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ អ្នកទាំងនោះ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេចដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍ នៃសមណភាព ឬប្រយោជន៍ នៃព្រាហ្មណភាពឡើយ។
ID: 636849978259812546
ទៅកាន់ទំព័រ៖