ព្រះត្រៃបិដក ភាគ ៣៤
អាយាចនវគ្គ
[១១៦] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នឹងចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ព្រោះបានស្តាប់ធម៌ណា របស់ព្រះមានព្រះភាគ សូមព្រះមានព្រះភាគ សម្តែងធម៌នោះ ដល់ខ្ញុំព្រះអង្គដោយសង្ខេប។ ម្នាលរាធៈ មារណាដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ ចុះអ្វីជាមារ។ ម្នាលរាធៈ រូបជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ វេទនាជាមារ សេចក្តីពេញចិត្តក្នុងមារនោះ អ្នកគួរលះបង់ចេញ។ សញ្ញា។ សង្ខារទាំងឡាយ ជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ វិញ្ញាណជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។
ID: 636849982509935639
ទៅកាន់ទំព័រ៖