ព្រះត្រៃបិដក ភាគ ៣៤
គន្ធព្វកាយសំយុត្ត
[២៦៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវទេវតាទាំងឡាយ ដែលជាពួកគន្ធព្វ
(១) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់រឿងនោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាទាំងឡាយ ជាពួកគន្ធព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានឫសក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើមានខ្លឹមក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានសាច់ស្រាយក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានសំបកក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យនៅលើឈើ មានក្រមរក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានស្លឹកក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានផ្កាក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានផ្លែក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានរសក្រអូបក៏មាន
(១) ទេវតា ដែលជាអ្នកប្រើប្រាស់ នូវវត្ថុមានក្លិនក្រអូប។
ID: 636850047365175147
ទៅកាន់ទំព័រ៖