ព្រះត្រៃបិដក ភាគ ៣៤
[៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវទុក្ខផង នូវហេតុឲ្យកើតឡើង នៃទុក្ខផង នូវសេចក្តីរលត់ នៃទុក្ខផង នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃទុក្ខផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវសេចក្តីនោះចុះ។
[៧] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខ តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទានក្ខន្ធទាំង៥។ ចុះឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខ។
[៨] ម្នាលភិក្ខុទាំងឡាយ ចុះហេតុឲ្យកើតឡើងនៃទុក្ខ តើដូចម្តេច។ តណ្ហាណា ដែលតាក់តែងនូវភពថ្មី ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកអរ មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ។ តណ្ហា តើដូចម្តេច។ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ហេតុឲ្យកើតឡើងនៃទុក្ខ។
ID: 636849958521023552
ទៅកាន់ទំព័រ៖