ព្រះត្រៃបិដក ភាគ ៣៤
កុក្កុឡវគ្គ
[៦១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ រូបក្តៅ វេទនាក៏ក្តៅ សញ្ញាក៏ក្តៅ សង្ខារទាំងឡាយ ក៏ក្តៅ វិញ្ញាណក៏ក្តៅ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង បានឃើញច្បាស់ យ៉ាងនេះ ក៏នឿយណាយ នឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយនឹងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ទើបរួចស្រឡះ។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636849970672098554
ទៅកាន់ទំព័រ៖