ព្រះត្រៃបិដក ភាគ ៣៥
ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ក៏ដើម្បីកំណត់ដឹងនូវទុក្ខនោះ។ រូបទាំងឡាយ។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះឯង ក៏ជាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខនោះ។បេ។ ចិត្តជាទុក្ខ។បេ។ ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលតែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះឯង ក៏ជាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខនោះ។ នែអាវុសោទាំងឡាយ នេះឯង ឈ្មោះថាទុក្ខ ព្រហ្មចរិយៈ គឺពួកយើងបានប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខនោះ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ អ្នកទាំងឡាយ ត្រូវដោះស្រាយដល់ពួកអន្យតិរិ្ថយបរិព្វាជកទាំងនោះ យ៉ាងនេះចុះ។ ចប់សូត្រ ទី៨។
ID: 636872415187701416
ទៅកាន់ទំព័រ៖