ព្រះត្រៃបិដក ភាគ ៣៥
ម្នាលអាវុសោ បុរសមានកម្លាំង យកចង្វាយព្រ័ត្រដ៏មាំ មកត្របែងក្បាល យ៉ាងណាមិញ ម្នាលអាវុសោ ខ្យល់ខ្លាំងហួសប្រមាណ សីសវេទនា កើតក្នុងសីសៈ ក៏យ៉ាងនោះឯង។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ។បេ។ មិនធូរថយទេ។ ម្នាលអាវុសោ បុរសអ្នកសម្លាប់គោ ឬកូនឈ្នួលអ្នកសម្លាប់គោ ដែលឈ្លាសវៃ អារពន្លះពោះ (គោ) ដោយគ្រឿងសម្រាប់ពន្លះគោដ៏មុត ដូចម្តេចមិញ មា្នលអាវុសោ ខ្យល់ដ៏ក្រៃលែង អារពោះខ្ញុំ ក៏ដូច្នោះឯង។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ។បេ។ មិនបានស្រាកស្រាន្តទេ។ ម្នាលអាវុសោ បុរសមានកម្លាំង ២ នាក់ ចាប់បុរសដែលមានកម្លាំងខ្សោយ ត្រង់ដើមដៃម្ខាង ម្នាក់ ឆ្អើររោលលើរណ្តៅរងើកភ្លើង ដូចម្តេចមិញ ការក្តៅក្រហាយក្នុងកាយ របស់ខ្ញុំដ៏ក្រៃលែង ក៏ដូច្នោះឯង។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ (ព្រោះ) ទុក្ខវេទនា ដ៏ក្លៀវក្លារបស់ខ្ញុំ តែងតែចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំនឹងយកគ្រឿងសស្រ្តា (មកសម្លាប់ខ្លួន) ខ្ញុំមិនចង់នៅរស់ទេ លុះព្រះឆន្នៈមានអាយុ ពោលដូច្នេះហើយ ក៏នាំយកគ្រឿងសស្រ្តាមក។
ID: 636872455440283732
ទៅកាន់ទំព័រ៖