ព្រះត្រៃបិដក ភាគ ៣៥
ទាំងព្រះសាស្តាសោត ខ្ញុំក៏បានបម្រើដោយសេចក្តីពេញចិត្ត មកយូរហើយ មិនមែនដោយការមិនពេញចិត្តទេ។ ម្នាលអាវុសោ សាវ័កត្រូវតែបម្រើព្រះសាស្តា ដោយសេចក្តីគាប់ចិត្ត មិនត្រូវបម្រើដោយសេចក្តីមិនគាប់ចិត្តទេ អំពើនោះ ទើបជាការសមគួរដល់សាវ័ក នែអាវុសោសារីបុត្ត អ្នកចូរចាំទុកដំណើរនុ៎ះ យ៉ាងនេះថា ការនុ៎ះមិននៅទាក់ទាមទេ ឆន្នភិក្ខុ មុខជានឹងនាំយកគ្រឿងសស្រ្តា មកផ្តាច់បង់ជីវិត។
[១០៧] ព្រះសារីបុត្តនិយាយថា យើងនឹងសួរនូវហេតុនីមួយ នឹងព្រះឆន្នៈមានអាយុ បើព្រះឆន្នៈមានអាយុ បើកឱកាសឲ្យ ដើម្បីដោះស្រាយនូវប្រស្នា។ ម្នាលអាវុសោសារីបុត្ត អ្នកចូរសួរចុះ យើងស្តាប់ហើយ គង់នឹងដឹងបាន។ ម្នាលអាវុសោឆន្នៈ អ្នកយល់ នូវចក្ខុ ចក្ខុវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកយល់នូវជិវ្ហា ជិវ្ហាវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយជិវ្ហាវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។បេ។ ម្នាលអាវុសោឆន្នៈ អ្នកយល់មនោ មនោវិញ្ញាណ ធម៌ដែលត្រូវដឹង ដោយមនោវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះឬ។
ID: 636872455878668806
ទៅកាន់ទំព័រ៖