ព្រះត្រៃបិដក ភាគ ៣៥
[១១០] កាលព្រះឆន្នៈនិយាយ យ៉ាងនេះហើយ ព្រះមហាចុន្ទមានអាយុ បាននិយាយនឹងព្រះឆន្នៈមានអាយុ ដូច្នេះថា ម្នាលអាវុសោឆន្នៈ បើដូច្នោះ អ្នកគួរយកចិត្តទុកដាក់ ឲ្យប្រពៃ ចំពោះសាសនា របស់ព្រះមានព្រះភាគនោះ អស់កាលជានិច្ចចុះ បុគ្គល ដែលតណ្ហា មានះ ទិដ្ឋិ អាស្រ័យនៅហើយ រមែងមានសេចក្តីកម្រើក បុគ្គលដែលមិនមានតណ្ហា មានះ ទិដ្ឋិ អាស្រ័យនៅ រមែងមិនមានសេចក្តីកម្រើកទេ កាលបើមិនមានសេចក្តីកម្រើក ទើបមានសេចក្តីស្ងប់ កាលបើមានសេចក្តីស្ងប់ ទើបមិនមានសេចក្តីត្រេកត្រអាល កាលបើមិនមានសេចក្តីត្រេកត្រអាល ដំណើរមក និងដំណើរទៅ ក៏មិនមាន កាលបើមិនមានដំណើរមក និងដំណើរទៅ ចុតិ និងបដិសន្ធិ ក៏មិនមាន កាលបើចុតិ និងបដិសន្ធិ មិនមាន ទើបមិនមានកិច្ចអ្វី ក្នុងលោកនេះ មិនមានក្នុងលោកខាងមុខ មិនមានក្នុងចន្លោះនៃលោកទាំងពីរ នេះឯង ជាទីបំផុតនៃទុក្ខ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ និងព្រះមហាចុន្ទមានអាយុ លុះទូន្មានព្រះឆន្នៈមានអាយុ ដោយឱវាទនេះហើយ ទើបក្រោកអំពីអាសនៈចៀសចេញទៅ។ គ្រានោះឯង ព្រះឆន្នៈមានអាយុ កាលដែលព្រះថេរៈមានអាយុទាំងនោះ និមន្តចេញទៅ មិនយូរប៉ុន្មាន ក៏នាំយកគ្រឿងសស្រ្តាមក។
ID: 636872456456181838
ទៅកាន់ទំព័រ៖