ព្រះត្រៃបិដក ភាគ ៣៥
[១១៥] ម្នាលបុណ្ណៈ បើពួកមនុស្សក្នុងសុនាបរន្តជនបទ នឹងយកគ្រឿងសស្រ្តាដ៏មុត មកផ្តាច់ជិវិតរបស់អ្នក ម្នាលបុណ្ណៈ តើអ្នកនឹងមានគំនិត ដូចម្តេច ក្នុងដំណើរនោះ។ បពិត្រព្រះអង្គដ៏ចម្រើន បើពួកមនុស្ស ក្នុងសុនាបរន្តជនបទ នឹងយកគ្រឿងសស្រ្តាដ៏មុត មកផ្តាច់ជិវិត របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនោះ យ៉ាងនេះថា ពួកសាវ័ករបស់ព្រះមានបុណ្យនោះ ដែលនឿយណាយ ធុញទ្រាន់ ខ្ពើមឆ្អើម ចំពោះកាយ និងជីវិត ហើយស្វែងរកបុគ្គលអ្នកសម្លាប់ ដោយគ្រឿងសស្រ្តា ក៏មាន ខ្ញុំព្រះអង្គ បានអ្នកសម្លាប់ ដោយគ្រឿងសស្រ្តានោះ ដែលមិនបាច់ស្វែងរកសោះទេ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងមានគំនិត ក្នុងដំណើរនុ៎ះ យ៉ាងនេះឯង។ ម្នាលបុណ្ណៈ ប្រពៃហើយ ប្រពៃហើយ ម្នាលបុណ្ណៈ អ្នកប្រកបដោយសេចក្តីស្ងប់រម្ងាប់ គឺសេចក្តីអត់ធន់នេះ អាចនឹងនៅក្នុងសុនាបរន្តជនបទបាន ម្នាលបុណ្ណៈ ចូរអ្នកសំគាល់នូវកាលដ៏គួរ ( នឹងទៅ ) ក្នុងកាលឥឡូវនេះចុះ។
ID: 636872457752785999
ទៅកាន់ទំព័រ៖