ព្រះត្រៃបិដក ភាគ ៣៥
[១១៨] គ្រានោះឯង ព្រះពាហិយៈមានអាយុ ត្រេកអររីករាយ ចំពោះភាសិត របស់ ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ ព្រះពាហិយៈមានអាយុ ជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញាដ៏ប្រសើរខ្លួនឯង ក្នុងបច្ចុប្បន្ន នូវទីបំផុត នៃព្រហ្មចរិយធម៌ ដ៏ប្រសើរ ដែលជាទីត្រូវការ របស់ពួកកុលបុត្ត អ្នកចេញចាកផ្ទះ ហើយបួសដោយប្រពៃ ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះពាហិយៈ មានអាយុ ក៏បានជាព្រះអរហន្តមួយអង្គដែរ។ ចប់សូត្រ ទី៦។
ID: 636872458452246006
ទៅកាន់ទំព័រ៖