ព្រះត្រៃបិដក ភាគ ៣៥
សំឡេង ត្រូវដឹងដោយត្រចៀក ដែលបុគ្គលមិនដែលឮ មិនធ្លាប់ឮ អ្នកក៏មិនបានឮ ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែឮដូច្នេះឡើយ តើអ្នកមាន សេចក្តីពេញចិត្ត ឬមានតម្រេក ឬក៏មានសេចក្តីស្រលាញ់ ក្នុងសំឡេងនោះ ដែរឬ។ មិន មានទេ ព្រះអង្គ។ ក្លិន ត្រូវដឹងដោយច្រមុះ ដែលបុគ្គល មិនដែលធុំ មិនធ្លាប់ធុំ អ្នកក៏មិនបានធុំ ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែធុំដូច្នេះឡើយ តើអ្នកមាន។បេ។ ក្នុងក្លិននោះដែរឬ។ រស ត្រូវដឹងដោយអណ្តាត ដែលបុគ្គលមិនដែលលិទ្ធភ្លក្ស មិនធ្លាប់លិទ្ធភ្លក្ស អ្នកក៏មិនបានលិទ្ធភ្លក្ស ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែលិទ្ធភ្លក្សដូច្នេះឡើយ តើអ្នកមាន។បេ។ ក្នុងរសនោះដែរឬ។ ផ្សព្វ ត្រូវដឹងដោយកាយ ដែលបុគ្គលមិនដែលពាល់ មិនធ្លាប់ពាល់ អ្នកក៏មិនបានពាល់ ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែពាល់ដូច្នេះឡើយ តើអ្នកមាន។ បេ។ ក្នុងផ្សព្វនោះដែរឬ។ ធម៌ដែលត្រូវដឹងដោយចិត្ត ដែលបុគ្គលមិនដែលដឹង មិនធ្លាប់ដឹង អ្នកក៏មិនបានដឹង ទាំងមិនដែលមានគំនិតថា អាត្មាអញ ត្រូវតែដឹងដូច្នេះឡើយ តើអ្នកមានសេចក្តីពេញចិត្ត ឬមានតម្រេក ឬក៏មានសេចក្តីស្រលាញ់ ក្នុងធម៌នោះដែរឬ។ មិនមានទេ ព្រះអង្គ។
ID: 636872462153497705
ទៅកាន់ទំព័រ៖