ព្រះត្រៃបិដក ភាគ ៣៥
ចិត្តក៏រួចស្រឡះ (ចាកអាសាវៈ)។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចស្រឡះហើយ ក៏កើតមាន។ អរិយសាវ័កនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រ ទី២។
[១៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសេចក្តីកើតឡើង និងសេចក្តីអស់ទៅនៃទុក្ខ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវពាក្យនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីកើតឡើងនៃទុក្ខ តើដូចម្តេច។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈ ជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ នេះជាសេចក្តីកើតឡើងនៃទុក្ខ។បេ។ ជិវ្ហាវិញ្ញាណ កើតឡើងព្រោះ អាស្រ័យអណ្តាត និងរស ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើងឡើងព្រោះវេទនាជាបច្ច័យ នេះជាសេចក្តីកើតឡើង នៃទុក្ខ។បេ។
ID: 636872478207365934
ទៅកាន់ទំព័រ៖