ព្រះត្រៃបិដក ភាគ ៣៥
មនោវិញ្ញាណ រមែងកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន។បេ។ សេចក្តីរលត់នៃ កងទុក្ខទាំងអស់នេះ យ៉ាងនេះ។ ចប់ សូត្រ ទី៩។
[១៦២] សម័យនោះឯង ភិក្ខុមួយរូប ឈរអែបស្តាប់ព្រះពុទ្ធដីការ នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ក៏ទ្រង់ទតឃើញភិក្ខុនោះ កំពុងឈរអែបស្តាប់ លុះឃើញហើយ ក៏ត្រាស់សួរភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ អ្នកបានឮធម្មបរិយាយនេះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ ចូរអ្នករៀននូវធម្មបរិយាយនេះចុះ ម្នាលភិក្ខុ ចូរអ្នកទន្ទេញ នូវធម្មបរិយាយនេះចុះ ម្នាលភិក្ខុ ចូរអ្នកចាំទុក នូវធម្មបរិយាយនេះចុះ ម្នាលភិក្ខុ ធម្មបរិយាយនេះឯង ប្រកបដោយប្រយោជន៍ ជាខាងដើម នៃព្រហ្មចរិយធម៌។ ចប់សូត្រ ទី១០។
ចប់ យោគក្ខេមិវគ្គ ទី១។
ID: 636872480605103077
ទៅកាន់ទំព័រ៖