ព្រះត្រៃបិដក ភាគ ៣៥
ស្វែងរកខ្លឹមឈើ ត្រាច់ទៅកាន់ទីស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមនៅមាន រំលងគល់ រំលងដើម ហើយសម្គាល់នូវមែក និងសន្លឹក ថាជាខ្លឹម ដែលត្រូវស្វែងរក មានឧបមា យ៉ាងណាមិញ សេចក្តីនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង គឺថា ព្រះសាស្តា ទ្រង់គង់ក្នុងទីចំពោះមុខ នៃលោកមានអាយុទាំងឡាយ អ្នកទាំងឡាយ រំលងព្រះមានព្រះភាគ ហើយសម្គាល់នូវយើង ថាជាបុគ្គលគួរសាកសួរចំពោះសេចក្តីនោះ។ ម្នាលអាវុសោទាំងឡាយ ព្រោះថា ព្រះមានព្រះភាគនោះ តែងជ្រាបនូវហេតុដែលគប្បីជ្រាប តែងឃើញនូវហេតុ ដែលគប្បីឃើញ ព្រះអង្គ មានចក្ខុ មានញាណ មានធម៌ មានសភាពជាបុគ្គលប្រសើរ ជាអ្នកប្រតិបត្តិធម៌ ប្រព្រឹត្តធម៌ ណែនាំនូវប្រយោជន៍ ឲ្យនូវព្រះនិព្វាន ជាម្ចាស់នៃធម៌ ទ្រង់មកហើយ ដោយប្រការដូច្នោះ ឯកាលដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺ កាលវេលាដែល អ្នកទាំងឡាយ គួរតែសាកសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ ដោះស្រាយនឹងអ្នកទាំងឡាយយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះ។ ម្នាលអាវុសោអានន្ទ ពិត ដូច្នោះមែន ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុ ដែលគប្បីជ្រាប ទ្រង់ឃើញនូវហេតុ ដែលគប្បីឃើញដោយពិត ព្រះអង្គមានចក្ខុ
ID: 636872482821869869
ទៅកាន់ទំព័រ៖