ព្រះត្រៃបិដក ភាគ ៣៥
[១៨១] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ភិក្ខុមួយរូប ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ គួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏សាកសួរសេចក្តីនុ៎ះ ចំពោះព្រះសារីបុត្តមានអាយុថា ម្នាលអាវុសោសារីបុត្ត (ហេតុដូចម្តេច) ភិក្ខុជាសទ្ធិវិហារិក ពោលលាសិក្ខាហើយ វិលមកកាន់ភេទដ៏ថោកទាប។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ ពាក្យដែលអ្នកពោលនុ៎ះ រមែងមានដល់ភិក្ខុ ដែលមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ មិនដឹងប្រមាណ ក្នុងភោជន មិនប្រកប នូវសេចក្តីភ្ញាក់រឭក យ៉ាងនេះឯង។ ម្នាលអាវុសោ ភិក្ខុនោះឯង ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ មិនដឹងប្រមាណ ក្នុងភោជន មិនប្រកបនូវសេចក្តីភ្ញាក់រឭក និងបន្តនូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ ម្នាលអាវុសោ ភិក្ខុនោះឯង ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយ ដឹងប្រមាណ ក្នុងភោជន ប្រកបនូវសេចក្តីភ្ញាក់រឭក និងបន្ត នូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
ID: 636872494442044505
ទៅកាន់ទំព័រ៖