ព្រះត្រៃបិដក ភាគ ៣៥
[១៩៣] សម័យមួយ ព្រះមានព្រះភាគ និងព្រះបិណ្ឌោលភារទ្វាជមានអាយុ គង់នៅក្នុងវត្ត ឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះ ព្រះបាទឧទេន ស្តេចចូលទៅរកព្រះបិណ្ឌោលភារទ្វាជៈមានអាយុ លុះស្តេចចូលទៅដល់ហើយ ទ្រង់ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏ទ្រង់គង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទឧទេន ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់មានព្រះបន្ទូលទៅនឹងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ដូច្នេះថា បពិត្រព្រះភារទ្វាជៈដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេងកម្លោះ មានសក់ខ្មៅ ប្រកបដោយវ័យ ដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលយូរអង្វែងបាន។ ព្រះបិណ្ឌោលភារទ្វាជៈ ថ្វាយព្រះពរថា បពិត្រមហារាជ ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរតាំងចិត្ត ឲ្យដូចជាមាតា ក្នុងពួកស្រីល្មមជាមាតា ចូរតាំងចិត្តឲ្យ ដូចជាបងប្អូនស្រី ក្នុងពួកស្រីល្មមជាបងប្អូនស្រី ចូរតាំងចិត្ត ឲ្យដូចជាកូនស្រី ក្នុងពួកស្រីល្មមជាកូនស្រី។
ID: 636872497957445574
ទៅកាន់ទំព័រ៖