ព្រះត្រៃបិដក ភាគ ៣៥
បច្ច័យដទៃទៀតដែរឬ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេងកម្លោះ មានសក់ខ្មៅ។បេ។ ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។ បពិត្រមហារាជ ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូររក្សាទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ អ្នកទាំងឡាយ បានឃើញរូប ដោយចក្ខុហើយ កុំប្រកាន់និមិត្ត កុំប្រកាន់អនុព្យព្ជានៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីគ្របសង្គត់ នូវបុគ្គល ដែលមិនសង្រួមនូវឥន្រ្ទិយនុ៎ះ ព្រោះហេតុតែចក្ខុន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្រ្ទិយនោះ ចូររក្សានូវចក្ខុន្រ្ទិយ ចូរដល់នូវសេចក្តីសង្រួម ក្នុងចក្ខុន្រ្ទិយ។
ID: 636872498547709335
ទៅកាន់ទំព័រ៖