ព្រះត្រៃបិដក ភាគ ៣៥
អ្នកទាំងឡាយ កុំស្រែកហ៊ោឡើយ យើងនឹងសម្តែងធម៌ ដល់អ្នកទាំងឡាយ។ កាលបើព្រះថេរៈ ពោលយ៉ាងនេះហើយ មាណពទាំងនោះ ក៏នាំគ្នាស្ងៀម។ ទើបព្រះមហាកច្ចានៈមានអាយុ បានពោលទៅនឹងមាណពទាំងនោះ ដោយគាថាទាំងឡាយថា
[២០៤] ព្រាហ្មណ៍ទាំងឡាយណា រព្ញកធម៌ (របស់ព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មានសីលដ៏ឧត្តម មានគុណប្រាកដមកពីដើម ព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានគ្រប់គ្រងរក្សា នូវទ្វារដោយប្រពៃ ទាំងគ្របសង្កត់ នូវសេចក្តីក្រោធបាន។ ព្រាហ្មណ៍ទាំងឡាយណា រឭកធម៌ (របស់ព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍ទាំងឡាយនោះ ឈ្មោះថា ប្រព្រឹត្តក្នុងធម៌ គឺកុសលកម្មបថ ១០ ប្រការ និងសមាបត្តិជ្ឈាន ៨ យ៉ាង ព្រាហ្មណ៍ទាំងនេះឯង បានចៀសចេញ (ចាកគុណ) ស្រវឹងដោយគោត្រ គិតថា យើងទាំងឡាយ រមែងលះបង់ (អកុសលកម្ម) ហើយនាំគ្នាប្រព្រឹត្តកម្មមិនស្មើ គឺធ្វើកម្មមិនស្មើគ្នា មានកាយកម្ម ជាដើម។
ID: 636872500998019485
ទៅកាន់ទំព័រ៖