ព្រះត្រៃបិដក ភាគ ៣៥
ព្រះកច្ចានៈដ៏ចម្រើន តែងចូលទៅរកត្រកូលនៃឧបាសក ក្នុងនគរមក្ករកដៈ យ៉ាងណា សូមលោកចូលទៅរកត្រកូល នៃលោហិច្ចព្រាហ្មណ៍ យ៉ាងនោះដែរ។ ពួកមាណព ឬមាណវិកាណា ក្នុងត្រកូលនោះ នឹងថ្វាយបង្គំ នឹងក្រោកទទួល នឹងក្រាលអាសនៈ ឬនឹងប្រគេនទឹក ចំពោះព្រះកច្ចានៈដ៏ចម្រើន អំពីនោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកមាណព និងមាណវិកាទាំងនោះ អស់កាលជាយូរអង្វែង។ ចប់សូត្រ ទី៩។
[២០៨] សម័យមួយ ព្រះឧទាយិមានអាយុ គង់ក្នុងព្រៃស្វាយ របស់តោទេយ្យព្រហ្មណ៍ ជិតនគរកាមណ្ឌា។ គ្រានោះ មាណព ជាសិស្ស របស់ព្រាហ្មណី ឈ្មោះវេរហញ្ចានិគោត្តា បានចូលទៅរកព្រះឧទាយិមានអាយុ លុះចូលទៅដល់ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧទាយិមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះឧទាយិមានអាយុ បានពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ មាណព ដែលព្រះឧទាយិមានអាយុ បានពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកអំពីអាសនៈ
ID: 636872503039996279
ទៅកាន់ទំព័រ៖